• HOME
  • MEDIA
  • News
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD5)

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD5)


11/16/2022 12:43:09 AM

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) ដែលសភាកម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា ភ្ជាប់ទៅកាន់សភាប្រទេសសមាជិកអាយប៉ាទាំង១០ ក្រោម ប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នា ដើម្បី អាស៊ានគ្មានគ្រឿងញៀន”។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា រដ្ឋសភា ព្រឹទ្ធសភា តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ស្ថាប័នពាក់ព័ន្ធ និងមន្ត្រី នៃ អគ្គលេខាធិការដ្ឋានសភាជាច្រើនរូប។ ចំណែកសភាជាសមាជិក (AIPA) ទាំង១០ ដែលបាន ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ គឺមានចំនួន៧ប្រទេស រួមមាន៖ សភាប្រទេស កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ថៃ និងប្រទេសវៀតណាម។ ចំណែកប្រទេស៣ផ្សេងទៀតគឺ ព្រុយណេដារូស្សាឡាម មីយ៉ាន់ម៉ា និងហ្វីលីភីន បានឱ្យមន្រ្តីនៃអគ្គលេខាធិកា- រដ្ឋាន សភាចូលរួមជាអ្នកសង្កេតការណ៍។

នៅក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់កិច្ចប្រជុំ លោកជំទាវ Hon. Nguyen Tong Van អគ្គលេខាធិការអាយប៉ា មានមានប្រសាសន៍លើក ឡើងពីបញ្ហាប្រឈម និងផលវិបាកជាច្រើន ដែល បណ្ដាលមកពីគ្រឿងញៀន និងស្នើសុំអោយកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សា ពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) ចូលរួមចែករំលែក បទពិសោធន៍ល្អៗទៅវិញទៅមក រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឆ្ពោះទៅសហគមន៍អាស៊ានគ្មានគ្រឿងញៀន។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងពីបញ្ហាប្រឈមជា ច្រើនដែលបានជះឥទ្ធិពលជាខ្លាំងលើការ ការពារ និងត្រួតពិនិត្យទៅលើគ្រឿងញៀននៅក្នុងបណ្តាប្រទេសអាស៊ាន។ ដូច្នេះ នេះជាពេល វេលាសមស្រប សម្រាប់ការឆ្លើយតបរបស់អាស៊ានទៅលើបញ្ហានេះ តាមរយៈការធ្វើ សកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នៅក្នុង តំបន់។ ក្នុងន័យនេះ អាស៊ានបានអនុម័តវិធីសាស្ត្រអនុគ្រោះសូន្យចំពោះគ្រឿងញៀន (Zero tolerance approach) ជាមធ្យោបាយមួយ ដែលសកម្មភាពគ្រឿងញៀនខុសច្បាប់ទាំងអស់ត្រូវតែប្រយុទ្ធប្រឆាំង និងបុគ្គល ព្រមទាំងអង្គការចាត់តាំង ដែលពាក់ព័ន្ធនឹងការចរាចរ គ្រឿងញៀនទាំងអស់ ត្រូវតែដាក់ទោសទៅតាម ច្បាប់ នៃបណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានមានប្រសាសន៍បន្តថា នេះជាពេលវេលាដ៏មានសារៈសំខាន់បំផុត សម្រាប់សមាជិកសភាអាយប៉ាទាំងអស់ ក្នុងការពិភាក្សា ដោះស្រាយ និងស្វែងរក មធ្យោបាយប្រកបដោយប្រសិទ្ធិភាព ក្នុងការដោះស្រាយកត្តាប្រឈមដែលកំពុងមានការវិវត្តន៍។ ដោយមើលឃើញស្ថានភាពនេះ ប្រធានបទនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុម ប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀនត្រូវ បានប្រសិទ្ធិនាមថា “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ដែលមានសារៈសំខាន់បំផុតដល់ ប្រទេស ដែលជាសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដទៃទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍ទៀតថា នៅពេលដែលជំងឺរាតត្បាតចង្រៃកូវីដ-១៩ នៅបន្តការកើតឡើងកត្តាប្រឈមថ្មីៗទៀតគម្រាមកំហែង ដល់សេចក្តីប្រាថ្នានៃការធ្វើឲ្យសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន។ គ្រឿងញៀន នៅតែបន្តកើនឡើង និងមានទម្រង់ថ្មីៗ ដូចជាសារធាតុដែលមានឥទ្ធិពលលើប្រព័ន្ធប្រាសាទ សារធាតុគីមី និងមិនមែនគីមី សម្រាប់ផលិត និងជួញដូរគ្រឿងញៀនខុសច្បាប់ មានការកើនឡើងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ជាពិសេសនៅតំបន់ត្រីកោណមាស។ កត្តា ប្រឈមទាំងនេះ នឹងរារាំងសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន និងមានឥទ្ធិពលអវិជ្ជមានដល់ទស្សនៈវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ សហគមន៍សន្តិសុខ នយោបាយ អាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងរបរចិញ្ចឹមជីវិតសម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានជំនឿថា ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន បានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈសមាជិក សមាជិកាអាយប៉ា ដែលមានតួនាទីជាអ្នកសម្របសម្រួល និងផ្លាស់ប្តូរយោបល់ គោលនយោបាយ និងការជំរុញការអនុវត្តច្បាប់ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។ លើសពីនេះទៀត សមាជិក សមាជិកាសភាអាយប៉ា នឹងជំរុញនូវស្មារតីធ្វើការរួមគ្នា និងមានឆន្ទៈរួមគ្នា ដូចជាសហគមន៍មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការយកជ័យជំនះលើកត្តាប្រឈម ទាំងនេះ។ ដំណើរអាចវែងឆ្ងាយទៅមុខទៀត និងមានកត្តាប្រឈមច្រើនទៀត ប៉ុន្តែការការពារ និងការរួបរួមគ្នា ត្រូវតែជាចំណុច ស្នូល ឆ្លើយតបទៅនឹងគោលបំណងនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានប្រកាសតែងតាំង ឯកឧត្តម ទី សុគន្ធ ជាប្រធានអង្គប្រជុំ និង លោកជំទាវ Irine Yusiana Roba Putri ជាអនុប្រធានអង្គប្រជុំ និងប្រកាស បើកជាផ្លូវការកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី គ្រឿងញៀន ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នា ដើម្បីអាស៊ានគ្មាន គ្រឿងញៀន” ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន