• HOME
  • MEDIA
  • News
  • កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" បានបិទបញ្ចប់ដោយជោគជ័យ

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" បានបិទបញ្ចប់ដោយជោគជ័យ


11/16/2022 1:05:54 AM

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សា ពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) ដែលសភា កម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នា ដើម្បីអាស៊ានគ្មាន គ្រឿងញៀន”។

នៅមុនពិធីបិទបញ្ចប់ តំណាងសភានៃប្រទេសឥណ្ឌូនេស៊ី ដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរ- សភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-៦) ជាបន្ត បានឡើងថ្លែង កោតសរសើរ និងអរគុណចំពោះសភាកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំ AlPACODD-5 តាមប្រព័ន្ធនិម្មិត ប្រកបដោយជោគជ័យ និងថា សភាឥណ្ឌូនេស៊ី មានក្ដីសោមនស្សរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំកិច្ចប្រជុំ AlPACODD-៦ ជាមួយនឹងការរង់ចាំ ស្វាគមន៍វត្តមានគណៈប្រតិភូអាយប៉ាទាំងអស់នៅក្នុងឆ្នាំខាងមុខ។

នៅក្នុងឱកាសថ្លែងបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពី គ្រឿងញៀនគ្រោះថ្នាក់" ឯកឧត្តមកិត្តិ- សេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចប្រជុំមួយថ្ងៃនេះ បានទទួលលទ្ធផលយ៉ាងជោគជ័យ រួមមាន សេចក្តីសន្និដ្ឋានលើសេចក្តីសម្រេច ស្តីពីការដោះស្រាយកត្តាប្រឈមទាំងអស់គ្នា ដើម្បីអាស៊ានមួយគ្មានគ្រឿងញៀន និងរបាយការណ៍បញ្ចប់ នៃកិច្ចប្រជុំនេះ។ ក្នុងកំឡុងពេលប្រជុំ ប្រតិភូទាំងអស់បានផ្លាស់ប្តូរ យោបល់ និងចែករំលែកព័ត៌មានដ៏មានតម្លៃស្តីពី ការអភិវឌ្ឍថ្មីៗនៅតាមបណ្តាប្រទេសរៀងៗខ្លួន ក៏ដូចជាកត្តាប្រឈម នៃគ្រឿងញៀនសំយោគ និងបានពិភាក្សារកមធ្យោបាយ ដោះស្រាយកត្តាប្រឈមទាំងនេះ ជាមួយនឹងបទពិសោធន៍ជាក់ស្តែង និងមេរៀន ជាបទពិសោធន៍តាមបណ្តា ប្រទេសនីមួយៗ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញនូវក្ដីសង្ឃឹមថា ប្រទេសនីមួយៗអាចទាញយកបាននូវមេរៀនជាបទពិសោធន៍ខ្លះៗពីកិច្ចប្រជុំនេះ និងអាចចូលរួមចែករំលែកដើម្បីបង្កើត យន្តការរឹងមាំមួយ និងមានប្រសិទ្ធិភាព ឆ្លើយតបទៅនឹងកត្តាប្រឈម នៃគ្រឿងញៀនខុសច្បាប់ ដែលកំពុងប្រឈមជាមួយនឹងសហគមន៍អាស៊ានយើង ដោយមានសកម្មភាព តាំងពីការសិក្សាស្រាវជ្រាវ ការវិភាគផ្នែកគោលនយោបាយ ការបង្កើនការយល់ដឹង យុទ្ធនាការអប់រំ ពិគ្រោះយោបល់ និងសន្ទនារួមគ្នា រវាងភាគីពាក់ព័ន្ធសំខាន់ៗ ក៏ដូចជា ការអនុវត្តច្បាប់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា មិនមានប្រទេសណាមួយអាចយកឈ្នះសង្គ្រាមគ្រឿងញៀនតែឯងបានទេ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧស្សាហកម្ម គ្រឿងញៀនខុសច្បាប់ និងសកម្មភាពជួញដូរគ្រឿងញៀន គ្រប់ប្រទេសទាំងអស់ត្រូវការធ្វើការរួមគ្នា និងមានកិច្ចខិតខំប្រឹងប្រែងជាប្រចាំ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ នៃរដ្ឋសភា បានអំពាវនាវដល់រដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងការពិចារណាបង្កើតក្រុមប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយដែលមាន លក្ខណៈសុខដុមនីយកម្ម (Harmonized Anti-Drug Code of Conduct) ឬពិធីសារប្រយុទ្ធប្រឆាំង គ្រឿងញៀន (Drug Combat Protocol) ក្នុងការដោះស្រាយកត្តាប្រឈមទាំងអស់គ្នា នៅក្នុងវិធីសាស្ត្រជាប្រព័ន្ធ ដើម្បីឈានទៅសម្រេច សហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន